ភ្នំពេញ ៖ អគ្គិភ័យបានឆេះមជ្ឈមណ្ឌលកំសាន្តរ៉កស្ថិតនៅអាគារលេខ៤៦៦ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្រុមទី៧៤ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីនៅវេលាម៉ោង១៦និង២០នាទីល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីនគរបាលការិយាល័យអគ្គិភ័យបាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាម្ចាស់រងគ្រោះឈ្មោះ ស៊ឹម រស់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅ ចំពោះមូលហេតុកម្លាំងជំនាញកំពុងស្រាវជ្រាវ។ ប្រភពដដែលបន្តថាទីតាំងខាងលើជា ប្រភេទសំណង់ថ្មបេតុងប្រក់ស័ង្កសី ទំហំ២០ម៉ែត្រគុណ៦០ម៉ែត្រ។
សម្ភារៈខូចខាតរួមមានៈ ឆេះអាគារ អ៊ីរ៉ក់ (E.Rock) ចំនួន២ជាន់ (ជាន់ទី១ ជាកន្លែងស្ទីមម៉ាស្សា និងជាន់ទី២ ជាបន្ទប់ការ៉ាអូខេ) ទំហំសរុប២០ម៉ែត្រគុណ៦០ម៉ែត្រ ឆេះអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យខាងលើបណ្តាលឲ្យមនុស្ស២នាក់ ពុលផ្សែង និងខ្វះខ្យល់ដកដង្ហើម ទី១-ឈ្មោះ ឌួង ចាន់សត្យា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មន្ត្រីការិយាល័យអគ្គិភ័យ និងទី២-ឈ្មោះ តាំង ម៉េងហុង ភេទប្រុស អាយុ ២៤ឆ្នាំ មន្រី្តការិយាល័យអគ្គិភ័យ។
ក្នុងហេតុការណ៍ខាងលើកម្លាំងការិយាល័យអគ្គិភ័យបានប្រើប្រាស់រថយន្តចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់១១៥គ្រឿង ស្មើនឹង ៤៤៨ម៉ែត្រគូប។ រថយន្តជំនួយ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន ស្មើនឹង១២០ម៉ែត្រគូប, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើនឹង៣៦ម៉ែត្រគូប, រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៥ឡាន ស្មើនឹង១០០ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១៨ម៉ែត្រគូប។ សមត្ថកិច្ចបានគ្រប់គ្រងស្ថានការបានទាំងស្រុងនៅវេលាម៉ោង២២និង៣០នាទី៕
មតិយោបល់