បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ក្រោយទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងគ្រោះដោយសារខ្យល់កន្ត្រាក់រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះនាំអំណោយ ទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះទាំង៥៨ខ្នងផ្ទះដោយគ្មានអ្នករងរបួសភ្លាមតែម្ដង ពិធីនេះធ្វើឡើងនៅក្រុងប៉ោយប៉ែត។
អញ្ជើញចូលរួមដំណើរចុះចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៥៨គ្រួសារ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ លោកសាន ស៊ានហូអភិបាលក្រុងប៉ោយប៉ែត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជម្រាបដល់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយគ្មានប្រកាន់គណបក្សនយោបាយណាឡើយ ព្រោះសម្ដេចតែងតែយកចិត្តទុកដាក់ជានិច្ច និងជួយស្រោចស្រង់អាយុជីវិតមនុស្សលោកទាំងអស់ នៅពេលមានគ្រោះមហន្តរាយទាំងឡាយដោយកើតពីគ្រោះធម្មជាតិផ្សេងៗ ឬដែលប៉ះពាល់មកលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ខ្យល់កន្ត្រាក់វាយប្រហារួមមាន៖ ស្រុកអូរជ្រៅចំនួន ១០ខ្នងផ្ទះ ស្រុក ម៉ាឡៃ១ខ្នងផ្ទះ ក្រុងប៉ោយប៉ែត៤៧ខ្នងផ្ទះ ប្រជាពលរដ្ឋទទួលបានអំណោយ១គ្រួសារៗបាន៖ មី១កេស,ទឹកសុទ្ធ១យួរ,ទឹកក្រូច១យួរ, ទឹកសុីអ៊ីវ២យួរ,ទឹកតែត្រជាក់១យួរ,សារុង២, ថវិកា១០ម៉ឺនរៀល និងជួសជុលសាងសង់ផ្ទះដួលរំលំតាមជាក់ស្តែង ជួយសសរ ជួយស័ង្កសី៕
មតិយោបល់