កំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ លោឧត្តមសេនីយ៍ត្រី ជា ជាង ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរសក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ទោ ខន ពិសាល អត្តលេខ ៤៧៦៥២ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៤៦ឆ្នាំ (ដោយរោគាពាធ) កាលពីវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហដ្ឋានម្តាយសព ភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។
ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ ខន ពិសាល លោកឧត្តមសេនីយ៍ត្រីស្នងការរង និងសហការី បានអុជធូបបួងសួងឧទ្ទិស ទៅដល់វិញ្ញាណក្ខន្ធ ទាំងអារម្មណ៍ក្រៀមក្រំនិងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិអស់រយៈពេលច្រើនឆ្នាំកន្លងមក ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រីស្នងការរង បាននាំយកនូវ ៖
១-ថវិការបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន១,៥៧៥,០០០រៀល អង្ករ០១បេ, ទឹកក្រូច០២កេស , ទឹកសុទ្ធ០២កេស មី០១កេស។
២-ថវិការបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ចំនួន១,៤៩០,០០០រៀល ។
ថវិកាទាំងនេះបានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ស្នងការ និងសហការី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕
មតិយោបល់