បន្ទាយមានជ័យ៖ ប្រហិតនាំពីប្រទេសថៃចូលមកកម្ពុជាចំនួន២តោន ដឹកផ្ទុកតាមរថយន្តសាំងយ៉ុង១គ្រឿង មិនត្រឹមត្រូវតាមបច្ចេកទេសការដឹកជញ្ជូនមិនអនុឡោមតាមគោលការណ៍ច្បាប់ សុវត្ថិភាពផលិតផលម្ហូបអាហារ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់ នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ សហការជាមួយនិងមន្ត្រីជំនាញកាំកុងត្រូល ធ្វើពិធីដុតកំទេចចោល ដើម្បីបញ្ចៀសផលប៉ះពាល់គ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋ ។ រថយន្តដឹកផ្ទុកប្រហិតនោះ ត្រូវបាននគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បង្ក្រាបកាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០១៩នៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈដែលរថយន្តសាំងយ៉ុងដឹកផ្ទុក ប្រហិត១គ្រឿង ធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៥ បម្រុងឆ្ពោះទៅរាជធានីភ្នំពេញ។ ការចុះបង្ក្រាប ក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវីធីតាមគោលការណ៍ច្បាប់ពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យលោក មាស ច័ន្ទពិសិដ្ឋ។
លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចប្រាប់ឱ្យដឹងថា ការបង្ក្រាបផលិតផលប្រហិតសមត្ថកិច្ចត្រួតពិនិត្យរថយន្តនោះបានដឹកផ្ទុកប្រហិតចេញពីច្រកព្រំដែនក្នុងភូមិសាស្ត្រឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ការបង្ក្រាបនោះជាវិធានការ ដើម្បីរឹតបន្តឹងការពារទប់ស្កាត់និងរក្សាសុវតត្ថិភាពនៃការនាំចូលផលិតផលម្ហូបអាហារពីប្រទេសជិតខាងចូលមកកម្ពុជា។ប្រហិតប្រមាណ២តោននោះគឺមានការដឹកផ្ទុកខុសបច្ចេក ទេសនៃការដឹកជញ្ជូនវាប្រឈមនិងខូចគុណភាព។ចំណែកការនាំចូលប្រហិតសមត្ថកិច្ចពិនិត្យខុសគោលការណ៍ច្បាប់។ ឈ្មួញបានយកលិខិតយោគយល់អនុរបស់ជនពិការនៅក្រុងប៉ោយប៉ែតអនុញ្ញាតឱ្យនាំចូលប្រហិតយកមកប្រកបមុខរបរចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ប៉ុន្តែលិខិតនោះត្រូវបានឈ្មួញយកមកប្រើប្រាស់ក្រោមស្លាកជនពិការយកធ្វើជីវកម្មដឹកជញ្ជូនជាលក្ខណៈពាណិជ្ជកម្ម។
ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យលោក សាន វិជ្ជាសារ៉ាវុធ ប្រាប់ឱ្យដឹងថាតាមការត្រួតពិនិត្យជាក់ស្តែងពីទៅលើប្រហិតខាងលើគឺជាប្រភេទប្រហិតដែលមានការវិច ខ្ចប់ត្រឹមត្រូវតាមស្តង់ដាមានការលបរិច្ឆេទមិនទាន់ហួសកំណត់ប៉ុន្តែការនាំចូលនោះវាខុសនិងការដឹកជញ្ជូនមិនត្រឹមត្រូវតាមបច្ចេកទេស។ជាគោលការណ៍នាំចូលប្រហិតត្រូវមានការក្លាស្សេទឹកកកនៅសីតុណ្ហភាពក្រោម៤អង្សារបើសិនជាការនាំចូលមិនសមស្របប្រហិតនោះប្រឈមខូចគុណភាពនិងវាងាយកើតមានមេរោគទ្វេរដងឆាប់រហ័ស។
លោកប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រាប់ទៀតក្រោមការអនុវត្តតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ ប្រហិតទាំងនោះត្រូវនាំយកទៅដុតកំទេចចោលចំណែកអ្នកដឹកជញ្ជូន២នាក់ត្រូវបានធ្វើកិច្ចសន្យានិងបញ្ឈប់មិនអនុញ្ញាតឱ្យនាំចូលប្រហិតដោយដឹកជញ្ជូនខុសបច្ចេកទេសសុវត្ថិភាពផលិតផលម្ហូបអាហារទៀតនោះឡើយ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់