បន្ទាយមានជ័យ ៖ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩ ផែនទទួលការងារសណ្តាប់ធ្នាប់ សាធារណៈ បានបើកកិច្ចប្រជុំបន្ទាន់ ដែលមានកកម្លាំងនគរបាល ចរាចរណ៍ខេត្ត ស្រុក ក្រុង និងនគរបាលសណ្តាប់ធ្នាប់សាធារណៈនិងនគរបាល ទេសចរណ៍ ចូលរួម ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ទទួលផែន សណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា៖ការប្រជុំនាថ្ងៃនេះ ក្នុងគោលបំណង ដើម្បីទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរិមា រៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកឲ្យមានភាពល្អប្រសើរជាលំដាប់ និងបង្កើនថែមទៀតនូវការអនុវត្តច្បាប់ស្តីចរាចរណ៍ផ្លូវគោកពីអ្នកប្រើប្រាស់ផ្លូវ។ម្យ៉ាងវិញទៀតយោងតាមស្មារតី នៃអង្គប្រជុំ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជម្រុញឲ្យនគរបាលរាជធានី ខេត្ត នគរបាលចរាចរណ៍ត្រូវកំណត់គោលដៅ ដើម្បីត្រួតពិនិត្យចំពោះការជិៈម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវឃាត់គាត់មិនឲ្យគាត់ធ្វើដំណើរ និងឲ្យគាត់ទៅរកមួកសុវត្ថិភាព ទើបប្រគល់ម៉ូតូឲ្យគាត់បន្តដំណើរ ហើយការត្រួតពិនិត្យនេះ គឺមានរយៈពេល១ខែ ចាប់ពី១ខែនេះតទៅ គឺយើងត្រូវធ្វើការផាកពិន័យទៅតាមច្បាប់ដោយមិនលើកលែង។
មានមតិសំណេះសំណាលនាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ក៏ដាក់ចេញនូវវិធានការជាក់លាក់ និង បានកំណត់យកគោលដៅ ចំនួន៣ គឺ ស្រុកព្រះនេត្រព្រះ ថ្មពួក អូរជ្រៅ ដែលត្រូវមានប៉ុស្តិ៍នគរបាលចរាចរណ៍ ឈរជើងស្នាក់នៅទាំងយប់ទាំងថ្ងៃ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែម ដល់កម្លាំងនគរបាលដែលនៅតាមគោលដៅនីមួយៗ ទន្ទឹមនិងការត្រួតពិនិត្យអ្នកបើកបរទោចក្រយានយន្ត គឺត្រូវពិនិត្យការមិនពាក់មួកសុវ្តថិភាព ការមិនមានកញ្ចក់ក្រោយ ភ្លើងបំភ្លឺ ការដឹកជញ្ជូនអ្នកដំណើរលើសចំណុះកំណត់ ការបើកបរស្ថិតនៅក្រោមឥទ្ធិពលស្រវឹង ឬគ្រឿងញៀន ការដឹកជញ្ជូនសំពីសំពោង ជាមួយគ្នានោះដែរក៏ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យដឹកជញ្ជូនទំនិញនិងអ្នកដំណើរ ដូចជាលកខណៈ បច្ចេកទេសយានយន្ត ធុនស្រាល ធុនធ្ងន់ ការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ភ្លើងបំភ្លឺ ភ្លើងសញ្ញាប្តូរទិស សំបកកង់ រនាំសុវត្ថិភាព ហ្វ្រាំង ការតទ្រុងឬការកែច្នៃខុសលក្ខណៈបច្ចេកទេស ការដឹកសំពីងសំពោង លើសកម្រិតកំណត់និងប័ណ្ណផ្សេងទៀតដែលទាក់ទងនិងយានយន្តនោះ ថាត្រឹមត្រូវហើយឬនៅ៕
មតិយោបល់