(បាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ លោក-លោកស្រី ប្រតិភូអមដំណើរ ក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានច្រាំងចោត ដែលមានប្រវែងសរុប ១៦២ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅភូមិរូង ឃុំចែង មានជ័យ ស្រុកបាណន់ និងស្ពាន០៤ ផ្សេងៗទៀត គឺ៖ ១/ស្ពានប្រវែង ៤៥ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ ២/ស្ពានប្រវែង ៧២ម៉ែត្រ ទទឹង ១០ម៉ែត្រ ស្ថិតនៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ខេត្តបាត់ដំបង ។ ៣/ស្ពានប្រវែង ៥៤ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅភូមិបឹងអូរជាង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ៤/ស្ពានប្រវែង ១០២ម៉ែត្រ ទទឹង ០៨ម៉ែត្រ ស្ថិតនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឡើងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សាងសង់ ជូនគណៈអធិបតី និងប្រជាពលរដ្ឋចូលរួម ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បន្ទាប់ពីបានដាក់សម្ពោធជាផ្លូវការ អោយប្រើប្រាស់ស្ពាននេះក៏ដូចជាស្ពានចំនួន ០៤ផ្សេងៗទៀត ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ពិសេសទាញយកនូវផលិតផលដែលបានមកពីការកសាងស្ពាននេះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិភាព សុវត្តិភាពពេញលេញ ក្រោមការដឹកដោយរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដែលមានសម្ដេចអគ្គមហាសេនាបធីតេជោ ហ៊ុន សែន ជាប្រមុខ ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់