ខេត្តកណ្ដាល៖ បុរស២នាក់ស្លាប់យ៉ាងអណោចអធ័ម ខណៈកំពុងបើកបរម៉ូតូឌុបគ្នាសុខៗ ស្រាប់តែមានរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនភ្នំពេញ ពេញចិត្ដ បើកមកបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ នៅវេលាម៉ោង ១៩និង១៤នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២៦_២៧ ស្ថិតនៅ ក្នុងភូមិពញាឮ ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញឮបានឲ្យដឹងថា៖ រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន(ភ្នំពេញ ពេញចិត្ត) ពណ៌ស+ក្រហម ពាក់ស្លាកលេខភ្នំពេញ 3C-6341 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះស្លាប់មានគ្នា២នាក់ ទី១/ឈ្មោះ ផាន់ រដ្ឋា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបរម៉ូតូ ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-4596 និងជនរងគ្រោះទី២/ឈ្មោះ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ (ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំងពីរនាក់មានទីលំនៅ ភូមិត្រពាំងប្រសប់ ឃុំរាម ស្រុករមាសហែក ខេត្តស្វាយរៀង ។
ប្រភពដដែលបន្ដថា៖ នៅមុនពេលកើតហេតុ រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្ដក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនភ្នំពេញ ពេញចិត្ដ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង (ភ្នំពេញ-កំពង់ឆ្នាំង) លុះបើកមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពីក្រោយ បណ្ដាលឲ្យបុរស២នាក់ ជាអ្នកបើកបរម៉ូតូដួលបោកទៅនឹងផ្លូវ ស្លាប់ភ្លាមៗ រីឯអ្នកបើកបររថយន្ដ រួចរត់គេចខ្លួនបាត់ស្រមោល ។ ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការអន្ដរាគមន៍ ពិនិត្យកន្លែងកើតហេតុ រួចធ្វើការវាស់វែង កសាងឯកសារដកហូតយកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់