រាជធានីភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចម៉ូតូ មិនបានសម្រេច ត្រូវបានម្ចាស់តាមទាន់ កាលពីវេលាម៉ោង ១២និង៤០នាទី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចលើចិញ្ចើមផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌសែនសុខបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ ជៀវ សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ រីឯជនសង្ស័យទាំង០២នាក់រួមាន ១/ ឈ្មោះ ថន ប៊ុនរ៉ាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) ។ ២/ ឈ្មោះ សេង សូវៀត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ សម្ភារៈបន្សល់ទុកម៉ូតូ ០១គ្រឿង ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1HU-1332 កន្ទ្រៃយ៍ចុងស្រួច ០១ដើម ។
ប្រភពដដែលបានបន្តថា៖ នៅមុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូរបស់ខ្លួន នៅចំណុចកើតហេតុ រួចដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួន ស្រាប់តែមានជនសង្ស័យ០២នាក់ ដើរមកដល់ចំណុចកើតហេតុ បានឃើញម៉ូតូរបស់ជនរងគ្រោះ ទុកនៅលើចិញ្ចើមផ្លូវ ដោយមានសភាពស្ងាត់ ជនសង្ស័យឈ្មោះ ថន ប៊ុនរ៉ាក់ បានយកកន្ត្រៃយ៍ចុងស្រួចកាត់ខ្សែភ្លើងកុងតាក់ម៉ូតូ រួចបណ្តើរចេញ តែត្រូវជនសង្ស័យចេញពីបន្ទប់ជួល ឃើញជនសង្ស័យខាងលើ កំពុងបណ្តើរម៉ូតូរបស់ ស្រែកថាចោរៗ ហើយត្រូវបានអ្នកនៅជិតកន្លែងកើតហេតុ នាំគ្នាចាប់បានជនសង្ស័យទាំង០២នាក់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕
មតិយោបល់