បន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំគណៈប្រតិភូក្រុមការងារមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ(Safe Mekong Coordination Centre)ដែលមានមន្ត្រីសម្របសម្រួលប្រចាំការមកពីបណ្តាប្រទេសសមាជិកSMCCទាំង៦ រួមមាន៖ កម្ពុជា ថៃ ឡាវ ចិន វៀតណាម និងមីយ៉ាន់ម៉ា ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូទាំងអស់ហើយក៏បានលើកឡើងពាក់ព័ន្ធនិងសកម្មភាពការងារ និងតួនាទីភារកិច្ចរបស់ខេត្តបន្ទាយមានជ័យជូនដល់គណៈប្រតិភូ ដូចខាងក្រោម៖ ១-ស្ថានភាពភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ២-កិច្ចសហប្រតិបត្តិការល្អជាមួយខេត្តជាប់ព្រំដែនរបស់ថៃក្នុងការងារត្រួតពិនិត្យគ្រឿងញៀន ដោយប្រើយន្តការការិយាល័យទំនាក់ទំនងព្រំដែនBLO ៣-ការរៀបចំការបង្កើតគម្រោងភូមិសគ្មានគ្រឿងញៀននៅតាមព្រំដែន ក្រោមគម្រោងគាំទ្រដោយភាគីថៃ ៤-ការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៤ និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
ជាមួយគ្នានេះ ឯកឧត្តម នាក់ យុទ្ធា បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាលខេត្ត ដែលបានអនុញ្ញាតិអោយក្រុមការងារបានចូលជួបសម្តែងការគួរសម និងបានជម្រាបជូនឯកឧត្តមអភិបាល និងអង្គពិធីដូចខាងក្រោម៖ ១-សារបាននៃគម្រោង SMCC ២-បេសកកម្ម និងគោលបំណងនៃគម្រោងSMCC ៣-គោលបំណងនៃដំណើរទស្សនកិច្ចសិក្សារបស់ក្រុមការងារមកកាន់ខេត្តបន្ទាយមានជ័យនិងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានសំណូមពរដល់ឯកឧត្តមអភិបាលខេត្ត មេត្តាជួយជម្រុញ និងពង្រឹងការងារត្រួតពិនិត្យការចរាចរណ៍ខុសច្បាប់នូវសារធាតុគ្រឿងញៀន សារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន និងស្នើសុំឲ្យមានការលើកកម្ពស់និងពង្រឹងដល់យន្តការBLO ដែលបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្ត៕ ណុប-រក្សា
មតិយោបល់