កែប៖ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចំនួន១៦រូប ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ ការការពាររក្សាសន្តិសុខព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្ត កំពត កែប ព្រះសីហនុ (កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង (វៀតណាម) ឆ្នាំ២០១៩ ពិធីខាងលើប្រារព្ធធ្វើឡើងនៅសណ្ឋាគារឌីយ៉ាម៉ង់ ដែលរៀបចំដោយស្នងការដ្ឋាននគរបាលខេត្តកំពត។
បន្ទាប់ពីគោរពភ្លេងជាតិនៃប្រទេសទាំងពីរ និងសន្ទរកថាបើកកិច្ចប្រជុំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតរួចមក។
កិច្ចប្រជុំក៏បានស្តាប់របាយការណ៍លើកឡើងរបស់ស្នងការដ្ឋាននគរបាលនីមួយៗ ដែលជាខេត្តមានព្រំដែនគោក និងព្រំដែនទឹកជាប់ជាមួយខេត្តគៀនយ៉ាង ប្រទេសវៀតណាម របាយការណ៍ខាងលើ បានផ្តោតសំខាន់ទៅលើលទ្ធផល កិច្ចសហប្រតិបត្តិការរយះពេលមួយឆ្នាំ ក្នុងការការពារសន្តិសុខ សុវត្ថិភាពព្រំដែន បង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងបទល្មើសព្រហ្មទណ្ឌ,សេដ្ឋកិច្ច,គ្រឿងញៀន,ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ រួមទាំងបទល្មើសផ្សេងៗទៀត។ ទន្ទឹមនោះស្នងការនគរបាលខេត្តទាំងបួន ក៏ដូចជាប្រទេសទាំងពីរ(វៀតណាម,កម្ពុជា) បានប្តេជ្ញាបន្តរឹតចំណងមិត្តភាពអោយកាន់តែមានភាពស្អិតរមួតបន្ថែមទៀត ដើម្បីសុខសន្តិភាពប្រទេសជាតិយើងទាំងសងខាង។ ចុងបញ្ចប់ភាគីទាំងពីរបានជូនប័ណ្ណសរសើរ,វត្ថុអនុស្សាវរីយ៍ទៅវិញទៅមក និងថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕
មតិយោបល់