មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំបើកកិច្ចប្រជុំត្រួតពិនិត្យ និងផ្សព្វផ្សាយការងារដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល តាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង៥ និងនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋទាំង២១ឃុំ-សង្កាត់ដែលបានចូលរួមសរុបចំនួន៥៧នាក់ ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ស្នងការបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៍ត្រី សេង ស៊ីធឿន ស្នងការរងទទួលការងារការិយាល័យកិច្ចការប៉ុស្តិ៍ឡើងផ្សព្វផ្សាយការងារដល់កងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជូនអង្គប្រជុំជ្រាប ។ បន្ទាប់មកលោកនាយប៉ុស្តិ៍មួយចំនួនបានឡើងរាយការណ៍ពីសកម្មភាពការងារដែលអនុវត្តបានរយៈពេលកន្លងមក ជូនអង្គប្រជុំជ្រាបផងដែរ ។
ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានណែនាំដល់កងកម្លាំងគ្រប់បណ្តាលប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវគោរពវិន័យរបស់កងកម្លាំងជាតិឲ្យបានល្អ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅអនុវត្តទម្រង់ទាំង៤ និងត្រូវមានមុខបម្រើការងារក្នុងអង្គភាពក្នុងការបម្រើសេវាសាធារណ:ជូនប្រជាពលរដ្ឋ ដើម្បីឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសត្រូវបន្តកិច្ចការរបស់ខ្លួនចុះល្បាតនៅតាមគោលដៅសំខាន់ៗ ក្នុងមូលដ្ឋានដើម្បីបង្ការ ទប់ស្កាត់ បានរាល់បណ្តាបទល្មើសផ្សេងៗកើតឡើង និងត្រូវរួមសាមគ្គីគ្នាយ៉ាងស្អិតរមួតក្នុងកិច្ចប្រតិបត្តិការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយថែមទៀត ៕
មតិយោបល់