ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ កុម្ភៈ កិច្ចប្រជុំមួយស្តីការបូកសរុបដកពិសោធន៍ការអនុវត្ត «ផែនការចំណុចខ្ពស់នៃយុទ្ធនាការឃោសនា វាយលុកនិងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនទៅវិញទៅមកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម» បានប្រព្រឹត្តទៅនៅក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមជាសហប្រធានពីគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងពីភាគីវៀតណាមដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ឡេ គ្វីវឿង អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ។
កិច្ចប្រជុំថ្ងៃនេះ គឺផ្អែកតាមស្មារតីឯកភាពរបស់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ឯកឧត្តម តូឡឹម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រគល់ភារកិច្ចជូនឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ឡេ គ្វីវឿង និងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន រៀបចំធ្វើកិច្ចប្រជុំនេះជាបន្តបន្ទាប់ ។ កិច្ចប្រជុំនេះ លើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងខេត្តតៃនិញនៃប្រទេសវៀតណាម ។ កិច្ចប្រជុំលើកទី២ ដែលគ្រោងនឹងរៀបចំធ្វើនៅខែធ្នូឆ្នាំ២០១៩ក្នុងប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានអាក់ខាន ដោយសារពេលវេលានៃភាគីទាំង២ ពុំមានអំណោយផល និងកិច្ចប្រជុំត្រូវបានរៀបចំធ្វើសាឡើងវិញ នៅថ្ងៃទី២៦ កុម្ភៈនេះនៅក្នុងប្រទេសកម្ពុជា ។
មន្ត្រីចូលរួមក្នុងកិច្ចប្រជុំ«ផែនការចំណុចខ្ពស់នៃយុទ្ធនាការឃោសនា វាយលុក និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនទៅវិញទៅមកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម» បានរាយការណ៍ជូនគ្នាទៅវិញទៅមកនូវលទ្ធផលអនុវត្តផែនការ, ការអនុវត្តវិធានការជំនាញនិងវិធានការច្បាប់, លទ្ធផលនៃកិច្ចសហប្រតិបត្តិការ, សេចក្តីសន្និដ្ឋាន និងការវាយតម្លៃដោយផ្អែកលើចំណុចខ្លាំង, ចំណុចប្រឈម, ចំណុចខ្វះខាត និងសំណូមពរដើម្បីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែរលូន ។
អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ឯកឧត្តម ឡេ គ្វីវឿង បានលើកឡើងអំពីសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចកម្ពុជានិងវៀតណាមតាមបណ្តោយព្រំដែនដែលស្ថិតនៅជាប់១០ខេត្តនៃប្រទេសទាំង២ និងចាត់ទុកខ្លឹមសារនៃកិច្ចប្រជុំថ្ងៃនេះថាមានសារៈសំខាន់ដែលនឹងត្រូវដាក់បញ្ចូលក្នុងការផ្សព្វផ្សាយ និងការអនុវត្តក្នុងទិសដៅកិច្ចសហការបង្ក្រាបគ្រឿងញៀន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍គាំទ្រនិងឯកភាពរាល់ការវាយតម្លៃអំពីចំណុចខ្លាំង, ចំណុចខ្សោយ និងខ្វះខាត និងសំណូមពររបស់ភាគីវៀតណាម ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងនូវទិសដៅ៥ចំណុច និងសំណូមពរ២ចំណុចបន្ថែមទៀត ដើម្បីភាគីទាំង២សម្រាប់ធ្វើជាមូលដ្ឋានបម្រើឲ្យការផ្សព្វផ្សាយ និងចាត់តាំងអនុវត្តនាពេលអនាគត ។
ក្នុងកិច្ចចុងក្រោយ ភាគីទាំង២បានចាត់ទុកកិច្ចប្រជុំ«ផែនការចំណុចខ្ពស់នៃយុទ្ធនាការឃោសនា វាយលុក និងបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនទៅវិញទៅមកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម» នៅថ្ងៃ២៦ កុម្ភៈ គឺជាកិច្ចប្រជុំដែលទទួលបានជោគជ័យ និងប្តេជ្ញាយកខ្លឹមសារនៃកិច្ចប្រជុំថ្ងៃនេះសម្រាប់ការផ្សព្វផ្សាយ និងបញ្ចូលក្នុងទិសដៅផែនការអនុវត្តនៃភាគីរៀងៗខ្លួន ៕
មតិយោបល់