ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ត្រី ឱ ហ៊ាង ស្នងការរងផែនការងារសណ្តាប់ធ្នាប់ តំណាង ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ បានផ្តល់ បទសម្ភាសន៍ដល់សារព័ត៌មាន នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ស្តីពីការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។នៅទីតាំងគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់នគរបាលចរាចរណ៍ខេត្តនៅលើផ្លូវជាតិលេខ៥ដែលស្ថិតនៅចំណុចខាងកើតរង្វង់មូលផ្តិលដែលជានិម្មិតសញ្ញានៃខេត្តពោធិ៍សាត់។កាលពីព្រឹកថ្ងៃទី ០៤ ខែឧសភាឆ្នាំ២០២០ ។
តាមរយៈការផ្តល់បទសម្ភាសន៍នេះ លោកឧត្តមសេនីយ៍ត្រី ឱ ហ៊ាង បានមានប្រសាសន៍ថា ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះនៅក្នុងទឹកដីខេត្តពោធិ៍សាត់រយៈពេល៤ថ្ងៃកន្លងមកមានដំណើរការរលូន ដោយសង្កេតឃើញថាការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់ ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវបានយល់ដឹងច្រើននិងអនុវត្តតាមច្បាប់ចរាចរណ៍បាន៩០% ដោយពួកគាត់បានផ្លាស់ប្តូឥរិយាបថមកចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ដើម្បី ការពារអាយុជីវិតខ្លួនឯងនិងអ្នកដទៃ។ ចំពោះអ្នកដែលបានល្មើសនឹងច្បាប់នេះ ដោយពួក គាត់មិនបានពាក់មួកសុវត្ថិភាព មិនដាក់ខ្សែក្រវាត់ បើកបរក្រោមឥទ្ធិពលស្រវឹងឬគ្រឿញៀន មិនគោរពផ្លាកសញ្ញាឬភ្លឿងស្តុប។ល។ កម្លាំងនគរបាលជំនាញចរាចរណ៍បានធ្វើការផាកពិន័យជាប្រាក់ទៅតាមគោលការណ៍នៃច្បាប់នេះដោយស្មើភាពៗគ្នា ហើយកម្លាំងនគរបាលជំនាញតាមគោលដៅក៏បាន ធ្វើការណែនាំ បន្ថែមពីគោលបំណងនៃការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះគឺដើម្បីការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋទូទៅពីករណីគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុដល់ពួកគាត់ឲ្យបានយល់បន្ថែមនិងឲ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើមិនដូច្នោះទេពួកគាត់នឹងទទួលការផាកពិន័យលើកក្រោយទៀត។ ហើយកម្លាំងនគរបាលចរាចរណ៍យើងក៏បាន ពន្យល់ដល់អ្នកបើកបរម៉ូតូនិងអ្នកបើកបររថយន្តគ្រប់ប្រភេទដែលត្រូវបានផាកពិន័យឲ្យបានយល់ថាថវិកាដែលបានមកពីការផាកពិន័យគឺសមត្ថកិច្ចនគរបាលបានបញ្ចូលទៅក្នុងថវិកាជាតិទាំងអស់។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានឲ្យដឹងតាមបទសម្ភាសន៍នេះបន្តទៀតថា តាមគោលការណ៍ណែនាំរបស់អគ្គស្នងការនគរបាលជាតិបានសម្រេចឲ្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការផាកពិន័យចំពោះករណីល្មើសច្បាប់ចរាចរណ៍សម្រាប់ម៉ូតូមាន៧ចំណូច រីឯរថយន្តមាន៩ចំណុច។ លោកឧត្តមសេនីយ៍បានបន្តថាចំពោះវិធានការដើម្បីអនុវត្តច្បាប់នេះឲ្យកាន់តែមានប្រសិទ្ធិភាពនោះ ស្នងការដ្ឋាននគរបាលនគរបាលខេត្តបាននឹង កំពុងអនុវត្តតាមអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកំពុងមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាននិងកងកម្លាំងទាំងបីដើម្បីផ្សព្វផ្សាយបន្តពីច្បាប់ចរាចរណ៍ផ្លូវគោកនេះដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមិនទាន់បានយល់ច្បាស់ ឲ្យបានយល់ដឹងច្បាស់លាស់និងចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា។ ចំពោះព័ត៌មានក្លែងក្លាយពីជម្ងឺកូវិតតាម Facebook សមត្ថកិច្ចនគរបាលជំនាញបានកោះហៅ អ្នកផ្តល់ព័ត៌មានមិនពិតចំនួន៣នាក់យកមកអប់រំណែនាំឲ្យពូកគាត់កែតម្រូវឡើងវិញនូវរាល់ព័ត៌មានមិនពិតនាំឲ្យប្រជាពលរដ្ឋមានភ័ន្ធច្រឡំហើយថ្នាំងថ្នាក់មកលើសមត្ថកិច្ចដែលកំពុងអនិវត្តភារកិច្ចរបស់ខ្លួន។
ទន្ទឹមនឹងនេះ លោកស្នងការរងក៏បានលើកឡើងអំពីការទប់ស្កាត់នឹងផលិតផលក្លែងក្លាយ ដោយថ្នាក់ដឹកនាំបានចាត់កម្លាំងជំនាញកំពុងចុះត្រួតពិនិត្យតាមបណ្តាកន្លែងឱសថស្ថាន តាមដេប៉ូចែកចាយនិងតាមតូបលក់ដូរនៅតាមបណ្តាក្រុងស្រុកដើម្បីរកឲ្យឃើញនូវឱសថ ទំនិញឬផលិតផលដែលក្លែងក្លាយ និងហួសកាលបរិច្ឆេទធ្វើការដកហូតកម្ទេចចោលដើម្បីធានាដល់សុខភាពប្រជាពលរដ្ឋ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់