ពោធិ៍សាត់ៈ នាព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅស្នងការនគរបាលខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំផែនការសកម្មភាពឆ្នាំ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីហៀង ស៊ីថា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោសារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ។ ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តជាន់លើ ដែលមានការអញ្ជើញចូលរួម លោក លោកស្រីស្នងការរង និងមន្ត្រីទទួលការងាររដ្ឋបាល តាមផែនការងារជំនាញចូលរួមផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង បានមានប្រសាសន៍ថា ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រសកម្មភាពរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២០-២០២៣ និងដើម្បីជម្រុញឲ្យបរិយាកាសនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមកាន់តែមានលក្ខណៈល្អប្រសើរទៅបណ្តាឆ្នាំខាងមុខទៀត ត្រូវបង្កើតជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ អ្នកវិនិយោគគិន អ្នកទេសចរណ៍និងរចនាសម្ព័ន្ធសង្គមនានាក្នុងភូមិសាស្ត្រខេត្ត ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានលើកយកផែនការសកម្មភាពរបស់ខ្លួនសម្រាប់ឆ្នាំ២០២០មកពិភាក្សាយោបល់ក្នុងអង្គប្រជុំ។ ក្នុងផែនការយុទ្ធសាស្ត្រសកម្មភាព ដែលលើកយកមកពិភាក្សា និងពិគ្រោះយោបល់នេះ មានគោលដៅយុទ្ធសាស្ត្រសកម្មភាពធំៗចំនួន៥ត្រូវលើក មកពិភាក្សា៖ទី១-សន្តិភាពអធិបតេយ្យជាតិ បូរភាពទឹកដី ខឿនសន្តិសុខជាតិ និងខឿនសេដ្ឋកិច្ចជាតិត្រូវបានការពារយ៉ាងរឹងមាំ។ ទី២-ស្ថេរភាព សន្តិសុខ និងសុវត្ថិភាពសង្គមត្រូវបានធានា។ ទី៣-សណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសង្គមត្រូវបានលើកកម្ពស់ និងកែលម្អទី៤-គុណធម៌ សីលធម៌ វិន័យ មនសិការវិជ្ជាជីវៈនិងធនធានមនុស្សនៃកងកម្លាំងនគរបាលជាតិ ត្រូវបានពង្រឹងនិងលើកកម្ពស់និងទី៥-រចនាសម្ព័ន្ធ តួនាទី ភារកិច្ចនិងលទ្ធភាពរបស់កងកម្លាំងនគរបាលជាតិត្រូវបានអភិវឌ្ឍន៍ស្របតាមការរីកចម្រើនក្នុងតំបន់និងពីភពលោកទៀតផង។
លោកស្នងការរងបានបន្តថា រាល់ចំណុចទាំងនេះគ្រប់ផែនការងារជំនាញ ត្រូវយកទៅបញ្ជូនក្នុងផែនការយុទ្ធសាស្ត្រសកម្មភាពរបស់ខ្លួនយ៉ាងលំអិត និងចំគោលដៅហើយផ្ញើរមកផែនការងារសេនាធិការ ដើម្បីសេនាធិការដ្ឋានមាវនទន់ធ្វើផែនការសកម្មភាពរួមមួយផ្ញើរជូន អគ្គស្នងការដ្ឋាននគរបាលជាតិ៕ សម្រួលដោយ៖ លោកស្រី វ.ទោ ជា សារ៉ាត់
មតិយោបល់