ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអញ្ជើញជាអធិតី ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី យេនឌ័រ ដល់កងកម្លាំងនគរបាលជាតិ ក្នុងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន។
ជាកិច្ចចាប់ផ្តើម លោកស្រី ឧត្តមសេនិយ៍ទោ ណា នាង អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានបតិស្វាគមន៍ ដោយបានលើកឡើងអំពីវឌ្ឍនភាពការងារយេនឌ័ររបស់នាយកដ្ឋាន និងបានគូសបញ្ជាក់ថា ឆ្លងតាមការខិតខំប្រឹប្រែងរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ រហូតមកដល់ពេលនេះ យើងសង្កេតឃើញថា តួនាទីឋានៈការយល់ដឹងរបស់ស្រ្តីកំពុងត្រូវបានលើកកម្ពស់យ៉ាងប្រសើរ ជាក់ស្តែងរយៈពេល២ឆ្នាំកន្លងទៅនេះ ដោយមានការគាំទ្រលើកកម្ពស់ដើម្បីសមភាពយេនឌ័រ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការអនីតិជន បានផ្តល់អទិភាពក្នុងការតែងតាំងស្រ្តីជានាយរងការិយាល័យ គ្រប់ការិយាល័យជំនាញ និងមានខ្លះជានាយកផ្នែង នាយរងផ្នែក នេះជាឱកាសបើកលទ្ធភាពកាន់តែច្រើនដល់ការចូលរួមអនុវត្តតួនាទីភារកិច្ច និងការសម្រេចចិត្តរបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ ទាំងការងារក្នុងអង្គភាព ការងារសង្គម ក៏ដូចជាការងារនៅក្នុងគ្រួសារផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពីយេនឌ័រដែលបានបើកនៅព្រឹកនេះ គឺក្នុងគោលបំណងឲ្យមន្ត្រីនគរបាលទាំងអស់ស្វែងយល់អំពីសមភាពយេនឌ័រ ហើយពាក្យយេនឌ័រនេះមិនសំដៅទៅលើតែស្ត្រីរឺក៏នគរបាលជាស្រ្តីទេ ពាក្យយេនឌ័រពាក់ព័ន្ធទៅហ្នឹងបុរសទាំងស្រ្តី ដូច្នេះទើបវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមទាំងស្រ្តី និងបុរស ហើយការតែងតាំងមុខដំណែងក៏ដូច្នេះដែរ នគរបាលជាស្រ្តីក៏ត្រូវបានតែងតាំងជានាយរងការិយាល័យ និង អនុប្រធាននាយកដ្ឋានផងដែរ ដើម្បីឲ្យមានតុល្យភាពក្នុងការងារនៅក្នុងអង្គភាពប្រឆាំងការជួញដូរមនុស្ស។ ឯកឧត្តម បន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីសមភាពយេនឌ័រ ដោយបានតែងស្រ្តីក្នុងជួរថ្នាក់ដឹកនាំនៅគ្រប់ក្រសួងស្ថាប័នថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដោយឡែកអគ្គស្នងការដ្ឋាននគរបាលជាតិ មានថ្នាក់ដឹកនាំជាស្រ្តី ជាអគ្គស្នងការរង អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងនាយ-នាយរងផ្នែក។
ឯកឧត្តមប្រធាននាយកដ្ឋាន បន្តទៀតថា អ្វីដែលសំខាន់ទាក់ទងទៅនឹងការយល់ដឹង ការជួយគ្នាទៅវិញទៅមករវាងបុរស និងស្ត្រី នៅក្នុងកិច្ចការស៊ើបអង្កេតក៏ដូចជាការងារក្នុងសង្គមក៏ត្រូវមានការចូលរួមពីស្រ្តីផងដែរ ព្រោះស្ត្រីគឺជាឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍន៍សង្គម និងគ្រួសារផងដែរ។ ថ្វីត្បិតតែស្ត្រីមានកម្លាំងខ្សោយជាងបុរស ប៉ុន្តែប្រាជ្ញា ការយល់ដឹង របៀបធ្វើការក៏មិនចាញ់បុរសដែរ ស្ត្រីខ្លះក៏មានការយល់ដឹង បទពិសោធន៍ការងារអាចជួយក្នុងកិច្ចការដែលកំពុងអនុវត្តសព្វថ្ងៃ ជាពិសេសគឺការងារសម្ភាសន៍ជនរងគ្រោះរឺជនសង្ស័យពីព្រោះបើយើងនិយាយពីការរំលោភផ្លូវភេទលើស្ត្រី និងកុមារគឺត្រូវការស្ត្រីជាចាំបាច់ណាស់។ ឯកឧត្តម បញ្ជាក់ថា ចាប់ពីពេលនេះតទៅ គឺយើងត្រូវការនគរបាលជាស្ត្រីបន្ថែមទៀត ដើម្បីធានាបានការឆ្លើយតបទៅនឹងការអនុវត្តន៍នីតិវិធីផ្នែកកុមារ និងស្ត្រី ដោយសារតែយើងមិនអាចយកនគរបាលជាបុរសទៅសាកសួរកុមារ រឺជនសង្ស័យជាស្ត្រីទេ ពាក់ព័ន្ធបទល្មើសរំលោភផ្លូវភេទ រឺក៏បទល្មើសការបំពារបំពានលើស្រ្តី និងកុមារ ដូច្នេះហើយទើបចាំបាច់ត្រូវតែមានការចូលរួមពីនគរបាលជាស្ត្រី៕
មតិយោបល់