តួកគីបានធ្វើការតវ៉ាទៅកាន់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបកាលពីថ្ងៃច័ន្ទបន្ទាប់ពីកងកម្លាំងអាល្លឺម៉ង់ ដែលជាសមាជិក នៃបេសកកម្មយោធារបស់សហភាពអឺរ៉ុប បានឡើងលើនាវានិងឆែកនាវាដឹកទំនិញតួកគីមួយ ដែលពួកគេសង្ស័យថា បានដឹកអាវុធទៅលីប៊ីដោយខុសច្បាប់។
ក្រសួងការពារជាតិអាល្លឺម៉ង់បាននិយាយថាទាហានមកពីនាវាចម្បាំង Hamburg ដែលជាផ្នែកមួយនៃបេសកកម្មរបស់ សហភាពអឺរ៉ុបក្នុងការអនុវត្តការហាមឃាត់អាវុធរបស់អង្គការសហប្រជាជាតិបានឡើងលើនាវា Roseline រយៈពេលខ្លឺ ប៉ុន្តែបានដកថយវិញបន្ទាប់ពីប្រទេសតួកគីបានជំទាស់នឹងបេសកកម្មសហភាពអឺរ៉ុបដែលបានបញ្ជាឱ្យធ្វើការឆែកឆេរ។
តួកគីបានបញ្ចេញរូបភាពបង្ហាញពីបុរសប្រដាប់អាវុធក្នុងឈុតឯកសណ្ឋានយោធាបញ្ជាឱ្យនាវិកដាក់ដៃលើក្បាលរបស់ពួកគេ ស្ថិតលើនាវា Roseline A នៅឯសមុទ្រស្ថិតនៅភាគនិរតីនៃឧបទ្វីប Peloponnese របស់ក្រិក។
ឧប្បត្តិហេតុនេះកើតឡើងចំពេលដែលមានការប្រេះឆារវាងតួកគីនិងសហភាពអឺរ៉ុប។
នាយកផ្នែកគោលនយោបាយការបរទេសរបស់សហភាពអ៊ឺរ៉ុបបាននិយាយថាចំណងទាក់ទងកំពុងឈានដល់“ ចំណុចរបត់ដ៏សំខាន់” ជុំវិញការចង់បានប្រេងរបស់តួកគីនៅក្នុងដែនទឹកដែលទាមទារដោយប្រទេសក្រិក និងស៊ីព ហើយថាទណ្ឌកម្មអាចត្រូវបានដាក់នៅខែក្រោយ៕
មតិយោបល់