តាកែវ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំស្តីពី”ការពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមក្នុងមូលដ្ឋានខេត្តតាកែវ” ដោយមានការអញ្ជើញចូលរួមពីៈលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកអធិការនគរបាលគ្រប់ស្រុក ក្រុង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងកិច្ចប្រជុំនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំ និងសង្កត់ធ្ងន់ថា ក្នុងនាមជាមន្រ្តីនគរបាលអនុវត្តន៍ច្បាប់ត្រូវតែគោរពវិន័យលេខ០០៦.ប.ប.ជ របស់កងកម្លាំងនគរបាលជាតិ ប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ចេញល្បាតចល័តជាប្រចាំក្នុងភូមិសាស្រ្តដែលងាយរងគ្រោះដើម្បីបង្ការ ទប់ស្កាត់កាត់បន្ថយបទល្មើសផ្សេងៗក្នុងមូលដ្ឋានខេត្ត និងជម្រុញឲ្យលោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក ក្រុង និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់បន្តយកចិត្តទុកដាក់ជាពិសេសទៅលើតម្រូវការ ផ្តល់សេវាសាធារណៈជូន បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ សំដៅការពារសុខមាលភាពមន្រ្តីនគរបាល និងក្រុមគ្រួសារត្រូវអនុវត្តន៍តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងដៃនិងសាប៊ូ ជែល ឬទឹកអាល់កុលមុនចូលធ្វើការផងដែរ៕
មតិយោបល់