ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២៣នឹង៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវ៤៣០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាក) នៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង០០នាទី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ឡូត ណារិទ្ធ ហៅ មាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ឱ ដាវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៦A ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុន។
វត្ថុតាងចាប់យកៈ ម៉ូតូម៉ាកស៊ុយហ៊្សុយគីនិច ពណ៌សលាយក្រហម (បិតស្កុតពណ៌សលាយទឹកប៊ិច) ចំនួន០១គ្រឿង និងស្លាកលេខម៉ូតូភ្នំពេញ១GJ-៥០២២ចំនួន០១បន្ទះ។ សម្ភារបាត់បង់ៈ ទូរស័ព្ទដៃម៉ាក OPPOA៩២ ពណ៌ខ្មៅ។
កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៥នឹង០០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកOPPO A៩២ ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ៣២ ផ្លូវលេខ៩ ក្រុម២៦ ភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូចំនួន០៣គ្រឿង។ នៅពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះកំពុងឈរនៅចំណុចកើតហេតុកាន់ទូរស័ព្ទដៃថតរូប ភ្លាមនោះជនសង្ស័យបានឃើញក៏បានជិះ ម៉ូតូចូលទៅជិតហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីជនរងគ្រោះបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់អស់។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕
មតិយោបល់