ខេត្តកំពង់ធំ ៖ លោកស្នងការនគរបាលខេត្តកំពង់ធំ បានចាត់ទុកការងារកសាងជួសជុល កែលម្អអង្គភាព ជាការងារសំខាន់ចាំបាច់បំផុត ក្នុងចំណោម កន្សោមការងារអាទិភាពមួយចំនួនទៀត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
ព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឆ្លៀតឱកាសចុះត្រួតពិនិត្យសកម្មភាព ក្រុមជាងសំណង់ចាក់បេតុងធ្នឹមក្រវ៉ាត់ក្រោម អគារសាលប្រជុំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានឲ្យដឹងថា សាលប្រជុំ ដែលកំពុងតែដំណើរការសាងសង់នេះមានទំហំ ១១ ម៉ែត្រ × ៣១ ម៉ែត្រ ជញ្ជាំង អំពី ឥដ្ឋ ដំបូលប្រក់ ស៉ីប្រូ មានបន្ទប់ដាច់ដោយឡែក ចែកចេញជាបន្ទប់រង់ចាំ សាលប្រជុំតូច បន្ទប់អនាម័យបំពាក់ទៅ ដោយគ្រឿង អេឡិចត្រូនិក បរិក្ខារ ចំណាយថវិកាប្រមាណជាង ១៤៧.០០០ ដុល្លារ មានលក្ខណៈទំនើបទាន់សម័យ ធំទូលំទូលាយ បង្ករលក្ខណៈស្រួលសម្រាប់ បំពេញភារកិច្ច កិច្ចប្រជុំនានាដូចជាប្រារឰវិធីសំខាន់ផ្សេងៗ ផងដែរ ។
កងកម្លាំងនគរបាល ក៍ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ធំ បានសម្ដែងនូវក្ដីសោមនស្សរីករាយក្រៃលែង ចំពោះសមិទ្ធផលនានា ដែល កំពុងតែដំណើរការសាងសង់ជាបន្តបន្ទាប់ ឆ្លើយតបពីការខ្វះខាតរបស់អង្គភាព បំពេញទៅដោយសំណង់អគារ យ៉ាងមានសោភ័ណ្ឌភាព សណ្ដាប់ ធ្នាប់ល្អ ហើយបងប្អូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំដែលបាន លះបង់ អស់ពីកម្លាំងកាយកម្លាំងចិត្តខិតខំប្រឹងប្រែងដឹកនាំកងកម្លាំង និងអង្គភាពមានការរីកចម្រើនគ្រប់វិស័យ ឆ្លើយតបផ្ដល់ភាពសុខក្សេមក្សាន្ត ដល់ប្រជា ពលរដ្ឋ ៕
មតិយោបល់