កំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបណ្តាលឲ្យមនុស្ស២នាក់ ស្លាប់ និង២នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧នឹង១០នាទីព្រឹក ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ ត្រង់ចំណុចភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខកណ្តាល1U-5155 បើកបរដោយឈ្មោះ ប៊ឺន នុត ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច សិស្សវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ឌុបឈ្មោះ ជៀវ លីន ភេទស្រី អាយុ២០ឆ្នាំ នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ (មិនពាក់មួកសុវត្ថិភាព) ទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានប៉ះដៃចង្កូតម៉ូតូ១គ្រឿងទៀត ម៉ាកហុងដា ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-9024 បើកបរដោយឈ្មោះ ឆោម សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច ឌុបឈ្មោះ រុន សុខគា ភេទប្រុស នៅភូមិស្វាយជ្រុំ ឃុំអូរ ស្រុកភ្នំស្រួច (សិស្សវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ទាំង២នាក់មិនពាក់មួកសុវត្ថិភាព) ក្នុងដំណើរស្របទិសគ្នា ដួលចូលរថយន្ត១គ្រឿងទៀត ម៉ាកHINO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-3732 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចក្រោយពេលកើតហេតុ។
ប្រភពដដែលបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ និងមនុស្ស២នាក់ទៀតរងរបួសស្រាល។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុនិងវាស់វែងយកមធ្យោបាយពាក់ព័ន្ធមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់