បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានអ្នកដំណើរចំនួន៣នាក់ នៅក្នុងរថយន្តក្រុងបានរងរបួស ព្រមទាំងមានម្នាក់ត្រូវក្បាលរថយន្តកៀបរហូតដល់បាក់ជើង ខណៈដែលរថយន្តក្រុងមួយគ្រឿងនេះ ត្រូវបានអ្នកបើកបរផ្ទេរសិទ្ធិទៅឲ្យព្រូជាអ្នកកាន់ចង្កូតហើយក៏បានជាន់ទៅតាមការចង់បាន ក៏បានរេចង្កូតទៅព្រលះនឹងដើមឈើដ៏ធំមួយដែលឈរមិនដឹងខ្យល់នៅឯចិញ្ចើមផ្លូវខាងឆ្វេង បណ្តាលឲ្យក្បាលរថយន្តរួញមើលលែងយល់ ។
យោងតាមប្រភពដែលនៅក្បែរទីតាំងកើតហេតុបាននិយាយថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០ និង ៤០ នាទីព្រឹក ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចខាងលិចសាលាបឋមសិក្សាបាឡាត់ ជិតរង្វង់មូលនាងរំសាយសក់ លើកំណាត់ផ្លូវជាតិ លេខ៥៧ ស្ថិតនៅក្រុម៣ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្តក្រុងមួយគ្រឿងដែលជារបស់ក្រុមហ៊ុនឫទ្ធិមុន្នី ពាក់ស្លាកលេខ ភ្នំពេញ 3C-5152 បានបើកបរយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ( រថយន្តនេះមកពីផ្សារឡែម ស្រុកកំរៀង ទៅកាន់ក្រុងភ្នំពេញ )លុះមកដល់តករង់ចំណុចខាងលើ បានរេចង្កូតទៅឆ្វេង កាត់ទទឹងថ្នល់ ហើយបានបុកទៅលើម៉ូតូចំនួន បួនគ្រឿង ទើបជ្រុលទៅបុកនឹងដើមច័ន្ទគិរីដ៏ធំមួយ ទើបជាប់នៅទីនោះតែម្តង។
នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះដែរ គេសង្កេតឃើញថា អ្នកដំណើរដែលនៅក្នុងរថយន្តមានការភិតភ័យយ៉ាងខ្លាំង ព្រមទាំងមានសម្រែកឲ្យជួយឡើងទ្រហឹងថែមទៀតផងដោយឡែកអ្នកបើកបរមិនដឹងជាគេចខ្លួនទៅទីណានោះទេ ចំណែកព្រូដែលត្រូវបានអ្នកបើកបរបណ្តោយឲ្យកាន់ចង្កូតបណ្តោះអាសន្ននោះ ក៏បានស្រែកឲ្យគេជួយដែរដោយសារតែជើងទាំងពីររបស់គេត្រូវបានក្បាលរថយន្តកៀបជាប់តែម្តង ដែលមើលទៅទំនងជាអាចឈានដល់បាក់ផងក៏មិនដឹង ។
របាយការណ៍ដែលយើងទទួលបានជាបឋមគឺ អ្នកដំណើររងរបួសតែបីនាក់ប៉ុណ្ណោះគឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់នោះទេ ចំណែកព្រូដែលជាអ្នកកាន់ចង្កូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលសមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាជួយគាស់យកចេញពីរថយន្ត ដែលស្ថិតក្នុងសភាពបាក់ជើងផង ។
យោងតាមគោលការណ៍របស់កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក គឺបានដាក់ផែនការប្តឹងទៅលើអ្នកបើកបរដែលហ៊ានបណ្តោយឲ្យព្រូជាអ្នកកាន់ចង្កូត រហូតបង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយបញ្ហានេះគឺបណ្តាលមកពីព្រូមានការងងុយដេក ក៏រេចង្កូតតែម្តង។
បច្ចុប្បន្នក្រោយពេលកើតហេតុ អ្នកដំណើរដែលរងរបួសមួយចំនួនបានដាក់ពាក្យប្តឹង នៅ ឯការិយាល័យជំនាញដើម្បីនាំខ្លួនអ្នកបើកបរអោយចូលមកទទួលខុសត្រូវនៅចំពោះមុខច្បាប់ ៕ ដោយៈ ពា យ័ព្យ
មតិយោបល់