ខេត្តត្រាត ៖ ភ្ញៀវទេសចរណ៍ថៃចំនួន២០នាក់ ដែលគេមិនទាន់ទទួលបាននូវព័ត៌មានជាក់លាក់ថា អាចមានជនជាតិខ្មែរនៅក្នុងនោះដែរឬទេ ត្រូវបានកម្លាំងប៉ូលិសជើងទឹកខេត្តត្រាត ប្រទេសថៃ ចេញកាណូតជួយសង្គ្រោះបានទាន់ពេលវេលា ខណៈដែលភ្ញៀវទេសចរណ៍ទាំងនេះបានចេញដំណើរទាំងយប់ ពីកោះសេះឆ្ពោះទៅកាន់ចំណុចឡែមសកក្នុងទឹកដីខេត្តត្រាត ប្រទេសថៃ ហើយត្រូវបានខ្យល់ព្យុះបោកបក់ទាំងកណ្តាលយប់ ។
យោងតាមព័ត៌មានរបស់ទូរទស្សន៍ប្រចាំខេត្តត្រាតបានធ្វើការចាក់ផ្សាយនូវព័ត៌មានទាន់ហេតុការណ៍មួយថា ករណីគ្រោះធម្មជាតិនេះបានកើតឡើងនៅវេលាម៉ោង៨ និង៣០ នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងឈូងសមុទ្រថៃ ត្រង់ចន្លោះពីកោះសេះ ទៅកាន់ខេត្តត្រាត គឺមានករណីព្យុះមួយបានបោកបក់ទៅលើកាណូតដឹកអ្នកដំណើរមួយគ្រឿង ដោយបង្កជារលករហូតមានកំពស់ដល់ទៅជិត២ម៉ែត្រ ឯណោះ ។
ព័ត៌មាននេះបានបន្តថា នៅលើកាណូតនោះមានភ្ញៀវទេសចរណ៍ដែលមកកំសាន្តនៅលើកោះសេះសរុបចំនួន ២០នាក់ ប៉ុន្តែគេមិនទាន់ដឹងថានៅក្នុងចំណោមភ្ញៀវថៃទាំងអស់នោះ មានជនជាតិខ្មែរដែរឬយ៉ាងណានោះទេ ដោយគេបានធ្វើដំណើរទាំងយប់
ត្រឡប់ទៅកាន់ចំណុចឡែមសក ក្នុងទឹកដី ខេត្តត្រាតវិញ ។ នៅពេលនោះក៏ស្រាប់តែមានព្យុះមួយបានបោកបក់ទៅលើកាណូតនោះ ដែលធ្វើអោយអ្នកដំណើរទាំងអស់មានការភិតភ័យឥតឧបមា ព្រមទាំងបានរាយការណ៍ និងទូរស័ព្ទទាក់ទងទៅកាន់
ក្រុមប៉ូលីសជើងទឹកប្រចាំខេត្តត្រាត អោយជួយអន្តរាគមន៍ ។
ភ្លាមៗនោះដែរកម្លាំងជំនាញបានចេញប្រតិបត្តិការ ដោយបានប្រើប្រាស់កាណូតធុនធំទៅកាន់ចំណុចដែលគេទទួលបាន ដោយបានសង្គ្រោះអ្នកដំណើរទាំង២០នាក់ ឲ្យឡើងទៅលើកាណូតធុនធំវិញ ដើម្បីសុវត្ថិភាព ដោយបានសណ្តោងកាណូតតូចនោះនាំយកទៅកាន់ដីគោកទាំងយប់ រួចផុតពីព្យុះដ៏កំណាចនេះ។ បច្ចុប្បន្នពួកគេទាំងអស់គ្នា បានធ្វើដំណើរទៅកាន់គោលដៅរៀងៗខ្លួនហើយនៅក្នុងប្រទេសថៃ ៕ ដោយៈ ពា យ័ព្យ
មតិយោបល់