កណ្ដាល៖ រថយន្ដមួយគ្រឿងបើកបត់ស្ដាំឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង២៥នាទី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតក្នុងភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណាំ ព្រីង ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម (រងរបួសធ្ងន់) ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1G-6404 ។ ចំណែករថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទបែនដឹកដី ពណ៌សរ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រត់គេចខ្លួនក្រោយពេលកើតហេតុ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុរថយន្ដបង្កបានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងកំពុងធ្វើដំណើរស្របទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯអ្នកបើកបរថយន្ដបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលស្រុកធ្វើការវាស់វែងនិងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយៈគង់ សុងហៃ
មតិយោបល់