ភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន៥១៥គ្រួសាររងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ទទួលបានអំណោយជាស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានប្រគល់ផ្ទាល់ដៃជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ក្នុងជួយសម្រួលដោះស្រាយទុក្ខលំបាកជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រាផងដែរ ខណៈស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោតត្រូវបានអាជ្ញាធរខណ្ឌដង្កោប្រាប់ឱ្យដឹងថា បានស្រកចុះខ្លះហើយក្តី ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានសំណេះសំណាលសាកសួរសុខទុក្ខដោយចូលរួមនូវការសោកស្តាយជាមួយប្រជាពលរដ្ឋកំពុងទទួលរងគ្រោះដោយទឹកជំនន់ស្ទឹងព្រែកត្នោតនៅពេលនេះ បង្កផលលំបាក និងប៉ះពាល់ជីវភាពរបស់បងប្អូន ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្នុងការទទួលខុសត្រូវខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតែបន្តជួយយកចិត្តទុកដាក់ដោះស្រាយការលំបាកទាំងនេះជូនដល់ប្រជាពលរដ្ឋថែមទៀត ជាមួយនឹងការគិតគូរត្រៀមអំណោយជាស្បៀងអាហាររួចជាស្រេច ដើម្បីបន្តជួយដោះស្រាយបងប្អូនប្រជាពលរដ្ឋនៅគ្រាបន្តបន្ទាប់មិនឱ្យដាច់បាយនោះទេ និងការត្រៀមកម្លាំងសមត្ថកិច្ចចម្រុះជាប្រចាំក្នុងការចេញជួយអន្តរាគមន៍សង្គ្រោះបងប្អូនប្រជាពលរដ្ឋជានិច្ច ។
សូមបញ្ជាក់ថា ជុំវិញបញ្ហាទឹកជំនន់នៅខណ្ឌដង្កោនេះផងដែរ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ សេចក្តីរាយការណ៍ដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហូរបុកយ៉ាងគំហុកបង្កឱ្យទំនប់សណ្តស្ទឹងព្រែកត្នោតមួយកន្លែងចំណុចទ្វារទឹករំដោះទឹកជំនន់ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងការបាក់ ហើយស្ថានភាពទឹកក៏បានហូរបុកតាមប្រឡាយ៨៥ នាំឱ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួននៅតំបន់នោះ និងការជន់លិចផ្លូវ២១៧ម្តុំស្តុបបាគូកែងផ្លូវ៥០ម៉ែត្រ ទឹកនោះក៏បន្តហូរចូលតាមប្រឡាយមួយចំនួនធ្លាក់ឆ្ពោះភូមិសាស្ត្រស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ហើយបន្តធ្លាក់ហូរចូលទៅទន្លេបាទីនាំឱ្យស្ថានភាពទឹកជំនន់ព្រែកត្នោតនៅក្នុងខណ្ឌដង្កោ នៅថ្ងៃនេះ(២៨ តុលា) បានស្រកចុះគួរឱ្យកត់សម្គាល់ ។
នៅក្នុងអំឡុងនៃការជន់លិចបាក់ទំនប់ទ្វារទឹកបង្ហូររំដោះទឹកជំនន់ខាងលើនេះផងដែរ គេឃើញកម្លាំងនគរបាលរាជធានីភ្នំពេញដែលប្រចាំការផ្ទាល់នៅគោលដៅតំបន់លិចទឹកនោះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញជួយអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋមានមនុស្សចាស់ និងកុមារ បានជាច្រើននាក់នាំមកទីទួលសុវត្ថិភាព ដើម្បីបញ្ចៀសបញ្ហាគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ ទន្ទឹមនោះកម្លាំងនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចេញដោះស្រាយសម្រួលចរាចរណ៍ជូនប្រជាប្រពលរដ្ឋនៅគោលដៅទឹកលិចផ្លូវ ចំណុចស្តុបបាគូ កែងរវាងផ្លូវ៥០ម៉ែត្រនិងផ្លូវ២១៧ ខណៈដែលទឹកជន់លិចផ្លូវចំណុចនេះបានបង្ករងការកកស្ទះចរាចរណ៍ជាខ្លាំងនោះ។
ប្រជាពលរដ្ឋមួយចំនួនដែលរងការជន់លិចផ្ទះសំបែងនៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ក៏បានប្រាប់ឱ្យដឹងថា ទឹកស្ទឹងព្រែកត្នោតនៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ គិតត្រឹមក្នុងមួយយប់មិញនេះ បានស្រកចុះខ្លាំងនាំឱ្យពួកគាត់បានចាប់ផ្តើមលាងសម្អាតផ្ទះចូលទៅរស់នៅក្នុងផ្ទះវិញ បន្ទាប់ពីបានរើអីវ៉ាន់មកស្នាក់នៅបានមួយរយៈនៅលើផ្លូវខាងមុខផ្ទះទំនប់សណ្តស្ទឹងព្រែកត្នោត ។ ក្នុងអំឡុងនៃការជន់លិចទឹកជំនន់ស្ទឹងព្រែកត្នោតនេះផងដែរ នាំឱ្យបង្កផលប៉ះពាល់ជីវភាពរស់នៅ និងខូចខាតដំណាំមួយចំនួនរបស់ពួកគាត់ ។
សូមបញ្ជាក់ថាខណ្ឌដង្កោ រាជធានីភ្នំពេញ បានរងការជន់លិចពីទឹកស្ទឹងព្រែកត្នោត មានរយៈពេល០៣ទៅ០៤ថ្ងៃចុងក្រោយនេះដោយសារការទទួលនូវជំនន់ទឹកភ្លៀងពីខេត្តកំពង់ស្ពឺយ៉ាងគំហុក ក្នុងនោះបង្កឱ្យលិចលង់ចំនួន៣៤ភូមិមានចំនួន១០សង្កាត់ហើយបានលិចផ្ទះប្រជាពលរដ្ឋប្រមាណជាង៣ពាន់គ្រួសារ ។ នេះបើយោងតាមជារបាយការណ៍បឋមរបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាមួយគ្នានោះក៏មានការជន់លិចផ្លូវ សាលារៀន វត្តអារាម មណ្ឌលសុខភាព និងផ្ទៃដីកសិកម្មមួយចំនួនទៀតផងដែរ ៕
មតិយោបល់