ឧត្តរមានជ័យ ៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូក្នុងទិសដៅស្របទិសគ្នា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង១៥នាទី នៅចំណុចផ្លូវបែកជាបួន លើផ្លូវជាតិលេខ៥៦ ស្ថិតក្នុងភូមិដូនកែន សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
នគរបាលចរាចរណ៍ក្រុងសំរោង បានឲ្យដឹងថាគ្រោះថ្នាក់នេះបង្កឡើងដោយ ឈ្មោះ ទៀង សុខុម ភេទប្រុស មុខរបរជាអ្នករត់តាក់ស៊ី បើកបរឡាន ម៉ាកCAMERY បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ កោះកុង 2A-0952។ ចំណែកជនរងគ្រោះ ឈ្មោះ យៀត ផា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិអូព្រាល សង្កាត់បុស្បូវ ក្រុងសំរោង រងរបួសធ្ងន់ បើកបរម៉ូតូម៉ាក សង់សេរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1G-2608 ក្រោយកើតហេតុកម្លាំង ចរាចរណ៍ក្រុង បានចុះទៅដល់កន្លែងកើតហេតុ បានហៅឡានពេទ្យដើម្បីយកជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំណែកជនបង្ករត់គេចខ្លួនបាត់។
ក្រោយកើតហេតុកម្លាំងជំនាញធ្វើការវាស់វែងរួច យកវត្ថុតាង មករក្សាទុករងចាំការដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងសំរោង។ សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុម៉ូតូបត់ឆ្វេងដោយមិនឲ្យសញ្ញា ៕ដោយៈ ចាន់ ធី
មតិយោបល់