កំពង់ឆ្នាំង ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បង្កឡើងដោយអ្នកបើកបរម្ខាង ងងុយដេក បណ្តាលឲ្យមានមនុស្សស្លាប់១នាក់ និងរបួសធ្ងន់១នាក់ និងរថយន្តខូចខាតធ្ងន់ធ្ងរទាំងសងខាង ។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចចន្លោះគីឡូម៉ែត្រលេខ៦២-៦៣ ក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង១និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-1634អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាសយដ្ឋានទេ ធ្វើដំណើរពីជើងឆ្ពោះទៅទិសខាងត្បូង និងរថយន្ត១គ្រឿងទៀតម៉ាកSSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2J-0200 អ្នកបើកបរឈ្មោះ សុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆកកណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើដំណើរបញ្ច្រាសទិសគ្នា ។ លុះមកដល់ចំណុចកើត ហេតុ អ្នកបើកបររថយន្ត SSANGYONG ងងុយដេក(ងោកមួយភាំង) ក៏រេចង្កូតបុកជាមួយ រថយន្ត HYUNDAI យ៉ាងពេញទំហឹងតែម្តង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងកន្លែងកើតហេតុ និងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីដោះស្រាយតាមនីតិវិធីនៃច្បាប់ ៕
មតិយោបល់