បាត់ដំបង៖ យុវវ័យចំនួន៣នាក់ ដែលពួកគេគឺជាសិស្សសាលាទាំងអស់ បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ខណៈដែលពួកគេកំពុងបើកបរម៉ូតូនៅលើទ្រូងផ្លូវក្នុងចំណែកខាងស្តាំរបស់ខ្លួន ក៏ស្រាប់តែមានរថយន្តមួយគ្រឿងដែលបានឡើងជែងមិនប្រយ័ត្ន មកបុកចំពីមុខយ៉ាងពេញទំហឹង បណ្តាលអោយប៉ើងខ្ចាត់ខ្ចាយ និងខ្លះទៀតត្រូវរថយន្តអូសរាប់សិបម៉ែត្រថែមទៀត ។ យោងតាមរបាយការណ៏របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចំណុចក្រុមទី ៥៦ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តម៉ាក ស៊ីណា ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2y 2809 ជាមួយនឹងម៉ូតូម៉ាកឌ្រីម ព៌ណទឹកមាស គ្មានស្លាកលេខ ក្នុងទិសដៅច្រាស់គ្នា ។ របាយការណ៍បានបន្តថា នៅមុនពេលកើតហេតុគឺរថយន្តបង្កហេតុនេះ បានធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង លុះដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានឡើងជែងនឹងរថយន្តមួយគ្រឿងទៀតដែលនៅពីមុខ ទើបបណ្តាលអោយបុកទៅលើម៉ូតូដែលកំពុងបើកបរច្រាស់គ្នា ដែលធ្វើអោយយុវសិស្សទាំង៣នាក់ ប៉ើងខ្ទាតចេញពីផ្លូវ និងខ្លះទៀតត្រូវជាប់ជាមួយនឹងរថយន្ត អូសជាច្រើនម៉ែត្រ ស្លាប់ទាំងអស់គួរអោយសង្វេក ។ ភ្លាមៗនោះដែរ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ចំណែកសពយុវសិស្សទាំងអស់មានឈ្មោះ ជា វាយោ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ (សិស្ស) ទីលំនៅ ភូមិប៉ោយសំរោង ឃុំតាពូង ថ្មគោល បាត់ដំបង (ស្លាប់) ជាអ្នកកាន់ចង្កូតម៉ូតូ ឯអ្នករួមដំណើរឈ្មោះ លី ដាវ៉ាន់ ភេទប្រុស អាយុ ១៧ ឆ្នាំមុខរបរ (សិស្ស) ទីលំនៅភូមិ គោកក្តួច ឃុំតាពូង ថ្មគោល បាត់ដំបង (ស្លាប់) និងម្នាក់ទៀតឈ្មោះ ប្រាថ្នា ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរ (សិស្ស) ទីលំនៅ ភូមិគោកក្តួច ឃុំតាពូង ថ្មគោល បាត់ដំបង (ស្លាប់) ។
បច្ចុប្បន្នផ្នែកជំនាញបានប្រគល់សពយុវវ័យរងគ្រោះទាំងអស់ទៅអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូក៏ត្រូវបានកំលាំងនាំយកទៅរក្សាទុកនៅអធិការដ្ឋាន ស្រុកថ្មគោលជាបណ្តោះអាសន្នដើម្បីបញ្ជូនទៅកាន់ការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ៕
មតិយោបល់