កណ្តាល៖ ម៉ូតូមួយគ្រឿងជិះគ្នា៣នាក់បោះពួយឡើងជែងរថយន្តនៅខាងមុខមិនផុតប៉ះដៃចង្កូតដួលទៅលើផ្លូវ ត្រូវរថយន្តធុនធំមួយគ្រឿងទៀតកិនបន្ថែម បណ្តាលឲ្យបុរសស្ត្រី២នាក់ ដែលត្រូវជាបងប្អូនបង្កើតនឹងគ្នាស្លាប់យ៉ាងអណោចអធ័ម និងក្មួយស្រីម្នាក់ទៀតរងរបួសធ្ងន់។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៦និង០៥នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ស្ថិតក្នុងភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះទី១-ឈ្មោះ ដួង ង៉ុយ ភេទប្រុស អាយុ២៦ឆ្នាំ ទី២-ឈ្មោះ ដួង សុភ័ក្រ អាយុ៣៦ឆ្នាំ ត្រូវជាបងប្អូនបង្កើតនឹងគ្នា។ ចំណែកឯម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ ចក់ ស្រីណា អាយុ១៨ឆ្នាំ ត្រូវជាក្មួយរបស់ជនរងគ្រោះទាំង២នាក់ខាងលើ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិបាទី ឃុំពាមរ៍ ស្រុកពាមរ៍ ខេត្តព្រៃវែងជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខ ។ ចំណែកឯរថយន្តដែលកិនជនរងគ្រោះស្លាប់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1327 បើកបរដោយឈ្មោះ ឃន គង្គា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិបឹងអណ្ដែង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅរាជធានីភ្នំពេញ លុះជិះដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានបន្ថែមល្បឿនព្យាយាមឡើងវ៉ារថយន្តនៅខាងមុខក្នុងស្ថានភាពគ្រោះថ្នាក់ បណ្តាលឲ្យប៉ះដៃចង្កូតដួលទៅលើផ្លូវ ហើយត្រូវបានរថយន្តធុនធំខាងលើនេះកិនបន្ថែម បណ្តាលឲ្យជនរងគ្រោះ២នាក់បងប្អូនស្លាប់បាត់បង់ជីវិត រីឯម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង រថយន្តដែលកិនជនរងគ្រោះមិនបានឈប់នោះទេ គឺបានបន្ថែមល្បឿនបើកគេចរហូតដល់ភូមិសាស្ត្រស្រុកលើកដែក ទើបសមត្ថកិច្ចបង្រ្កាបចាប់បានទាំងអ្នកបើកបរ ដើម្បីចាត់ការតាមច្បាប់។ ដោយឡែកនារីដែករងបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ៕ ដោយ៖ ជឺ គឹមហុង
មតិយោបល់