ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ មានរៀបចំកិច្ចប្រជុំបូក សរុបលទ្ធផល ត្រួតពិនត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូក។
តាមរបាយការណ៍បូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក របស់អនុគណៈកម្មការទី២ នៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខែឧសភា ឆ្នាំ២០១៧ បានកើតឡើងចំនួន ២៧២លើក បណ្តាលឲ្យស្លាប់ ១២៩នាក់ និងរបួស ៤៣៥នាក់ ភាគច្រើននៅខេត្តកំពង់ស្ពឺ មានអ្នកស្លាប់ចំនួន ១៧នាក់ ខេត្តកណ្តាល ១២នាក់ និងខេត្តបាត់ដំបង ១១នាក់។ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៤,១នាក់ និងរបួស ចំនួន ១៤នាក់។ មូលហេតុការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធ ១៩% វ៉ាជែង ១៤% មិនប្រកាន់ស្តាំ ១១% បត់ ៩% ស្រវឹង ៥% កត្តាយានយន្ត ២% និងងងុយ ២%។
ប្រៀបធៀបរយៈពេលដូចគ្នានៃខែមេសា (ខែមុន) ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចំនួន ១០២លើក ស្មើ ២៧% ស្លាប់ថយចំនួន ៤៩នាក់ ស្មើ ២៨% និងរបួសថយចំនួន ២៤៨នាក់ ស្មើ ៣៦%។
ប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចំនួន ២៥លើក ស្មើ ៨% ស្លាប់ថយចំនួន ៤នាក់ ស្មើ ៣% និងរបួសថយចុះចំនួន ៩៣នាក់ ស្មើ ១៨%។
របាយការណ៍ដដែល បានបញ្ជាក់ថា រថយន្តដឹកកម្មកររងគ្រោះថ្នាក់ក្នុងខែនេះចំនួន ០២លើក ក្នុងនោះ ០១លើកនៅខេត្ត កំពង់ស្ពឺ និង០១លើកទៀតនៅខេត្តព្រះសីហនុ បណ្តាលឲ្យរបួសចំនួន ៤៣នាក់ បណ្តាលមកពីការបើកបរជែងក្នុងស្ថានភាព គ្រោះថ្នាក់ និងបច្ចេកទេសយានយន្ត។
ក្នុងចំណោមអ្នកស្លាប់ក្នុងខែឧសភា ឆ្នាំ២០១៧ ចំនួន ១២៩នាក់ ភាគច្រើនជាអ្នកជិះម៉ូតូ មានចំនួន ៩៦នាក់ ស្មើ ៧៤% (ប្រភេទ១២៥សេសេចុះក្រោម) ក្នុងនោះមិនពាក់មួកសុវត្ថិភាព មានចំនួន ៧៥នាក់ ស្មើ ៨៣%។ ករណីគ្រោះថ្នាក់ត្រូវបាន ដោះស្រាយចប់ចំនួន ១០៣ករណី បញ្ជូនទៅតុលាការចំនួន ៦៣ករណី និងកំពុងអង្កេត ១០៦ករណី។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន ក៏បានស្នើឲ្យមន្រ្តីនគរបាលចរាចរណ៍ទាំងអស់ត្រូវអង្រឹងការ ត្រួតពិនត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបានជាប្រចាំ បើទោះបីជាគ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភានេះ មានការ ថយចុះជាងខែមេសា ក៏ដោយ ៕
មតិយោបល់