បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋរង់ចាំសំបុត្រចូលទៅកាន់ប្រទេសថៃ កកស្ទះជិត១ម៉ោង ដោយសារតែអាជ្ញាធរយឺតយ៉ាវក្នុងការផ្តល់សំបុត្រទៅអោយមន្រ្តីអ្នកផ្តល់សំបុត្រ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រភពប្រជាពលរដ្ឋ បានអោយដឹងថា ក្រោយពេលបោះឆ្នោតហើយ គេឃើញថាមន្ត្រីការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដូចជាមានការយឺតយ៉ាវ ក្នុងការផ្តល់សំបុត្រចេញ-ចូលទៅថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាក់ស្តែងកាលពីថ្ងៃទី៥ និងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរង់ចាំសំបុត្រចេញ-ចូលទៅថៃ មានការកកស្ទះជិត១ម៉ោង ទើបទទួលបានសំបុត្រ។
ប្រជាពលរដ្ឋដដែលបន្តថា កាលមុនពេលបោះឆ្នោត ការផ្តល់សំបុត្រចេញ-ចូលទៅថៃ ដូចជាមានការយកចិត្តទុកបានទាន់ពេលវេលា តែក្រោយបោះឆ្នោតហើយ បែជាមានការយឺតយ៉ាវក្នុងការផ្តល់សំបុត្រចេញ-ចូលទៅថៃ ដែលធ្វើប៉ះពាល់ការរកទទួលទានប្រចាំថ្ងៃរបស់អាជីវករ និងកម្មកររកស៊ីនៅផ្សារ៉ុងក្លឿ ប្រទេសថៃ។
ចំណែកក្រុមមន្ត្រីអ្នកផ្តល់សំបុត្រចេញ-ចូលច្រកទ្វារប៉ោយប៉ែត បានបញ្ជាក់ថា មូលហេតុដែលមានការយឺតយ៉ាវក្នុងការផ្តល់សំបុត្រដល់ប្រជាពលរដ្ឋចេញ-ចូលទៅថៃនោះ ព្រោះអាជ្ញាធរក្រុងប៉ោយប៉ែត មានការយឺតយ៉ាវក្នុងការផ្តល់ជូនមន្ត្រីការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនម៉ែនជាកំហុសមន្ត្រីក្រុមការងារប្រគល់សំបុត្រឡើយ។ ទាក់ទងនឹងការផ្តល់សំបុត្រចេញ-ចូលទៅថៃយឺតយ៉ាវនេះដែរ បានបណ្តាលអោយកកស្ទះប៉ះពាល់សណ្តាប់ភ្ញៀវអន្តរជាតិចេញ-ចូលជាខ្លាំង ហើយបញ្ហានេះក្រុមអ្នកយកព័ត៌មានបានទំនាក់ទំនងទៅលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតផងដែរ ប៉ុន្តែមិនអាចធ្វើការទំនាក់ទំនងបានឡើយ៕ ដោយ៖ ប៊ុន ធឿន
មតិយោបល់