កណ្តាល ៖ រថយន្ត២គ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១-២២ ឋិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាវេលា ម៉ោង៩និង០០នាទី ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿងម៉ាកលុចស៊ីស470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-8319 បើកបរដោយឈ្មោះ ម៉ាទីន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មានទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយបែត្រ ក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ និងអ្នករួមដំណើរម្នាក់ ឈ្មោះ វាន់ ស្រីអូន ភេទស្រី អាយុ២៣ ឆ្នាំមានទីលំនៅជាមួយគ្នា ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានមកបុករថយន្តមួយ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខយ 1481ភព៣ បើកបរដោយឈ្មោះ សឹង គង់ ភេទប្រុស អាយុ៣៣ឆ្នាំមានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលឈប់នៅលើទ្រូងផ្លូវក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់២នាក់ ស្រាល១នាក់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងកន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួសទាំង៣នាក់ទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។ ចំណែករថយន្តទាំងពីរគ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល រង់ចាំដោះស្រាយតាមនីតិវិធី ៕
មតិយោបល់