បាត់ដំបង ៖ យ៉ាងហោចណាស់ក៏មានអ្នកដំណើរចំនួន២០នាក់ដែរ ក្នុងចំណោមអ្នកដំណើរ ជាច្រើននាក់ដែលជិះនៅក្នុងរថយន្តក្រុង របស់ក្រុមហ៊ុន លី ហុង ខណៈដែលពួកគេទាំងអស់គ្នាបានធ្វើដំណើរទាំងយប់ចេញពីបាត់ដំបង ឆ្ពោះទៅកាន់ក្រុងភ្នំពេញ ហើយត្រូវបានរថយន្តដឹកកុងតឺន័ររេចង្កូតមកបុកទាំងកម្រោលតែម្តង ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ អូសទូក ឃុំកំពង់ព្រៀងស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្តដឹកកុងតឺន័រ ពាក់ស្លាកលេខ
ព្រះសីហនុ 4A-1599 ជាមួយនឹងរថយន្ត របស់ក្រុមហ៊ុន លី ហុង ពាក់ស្លាកលេខ ភ្នំពេញ 3D-3285 ។
សមត្ថកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺរថយន្តដឹកកុងតឺន័របានបើកបរក្នុងទិសដៅ ពីភ្នំពេញទៅបាត់ដំបង លុះទៅដល់ត្រង់ចំណុចកើតហេតុក៏ស្រាប់តែអ្នកបើកបរហាក់បីដូចជាងងុយដេក ធ្វើឲ្យរថយន្តរេចង្កូតទៅឆ្វេងបុករថយន្តក្រុងរបស់ក្រុមហ៊ុន លី ហុង បណ្តាលអោយរងរបួសអ្នកដំណើរស្រី ប្រុស សរុបចំនួន២០នាក់។
ភ្លាមៗនោះដែរ មុនពេលសមត្ថកិច្ចចុះទៅដល់ គឺអ្នកបើកបររថយន្តកុងតឺន័រ បានរត់
គេចខ្លួនបាត់ស្រមោល ដោយអ្នកបើកបររថយន្តក្រុងឈ្មោះ គឹម ថុង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ ព្រែកក្តី ឃុំព្រែកតាតេន ក្នុងខេត្ត កណ្តាល ក៏រងរបួសធ្ងន់បាក់ជើងខាងឆ្វេង ។
ក្រោយពីបានបញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យរួចមក កំលាំងសមត្ថកិច្ចបាននាំយករថយន្តទាំងពីគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្នរង់ចាំធ្វើការដោះស្រាយជាក្រោយ ៕
មតិយោបល់