កណ្ដាល ៖ យ៉ាងហោចណាស់មនុស្ស៣នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដបុកជាមួយរថយន្ដបើកស្របទិសគ្នាពេញមួយទំហឹង។ ករណីខាងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២៤និង៤៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល ។
មន្ដ្រីនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រាក់ វន្តា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្កង ខេត្តកំពង់ស្ពឺ (រងរបួសធ្ងន់) បើកបររថយន្ដម៉ាកកុងតឺន័រ ធុនធំ ពាក់ស្លាកលេខភ្នំពេញ4A-1534 ។ ចំណែកភាគីរងគ្រោះម្ខាងទៀតមិនស្គាល់អត្ដសញ្ញាណ (រងរងបួសធ្ងន់) បើករថយន្ដម៉ាកកុងតឺន័រ ធុនធំ ពាក់ស្លាកលេខស្វាយរៀង 3A-0927 ។ ក្នុងហេតុការណ៍នោះផងដែរ រថយន្ដដែលបានបុកនៅខាងមុខក៏ជ្រុលទៅបុកម៉ូតូ១គ្រឿងកំពុងធ្វើដំណើរ បើកបរដោយឈ្មោះ វីង គឹមអេង ភេទស្រី (រងរបួសស្រាល) មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ រាជធានីភ្នំពេញ រួមដំណើរជាមួយកូនស្រីម្នាក់(រងរបួសធ្ងន់) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្ដកុងតឺន័រធ្វើដំណើរក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅអ្នកលឿង បើកបរដោយឈ្មោះ ប្រាក់ វន្តា លុះបើកមកដល់កន្លែងកើតហេតុក៏បានឈប់រថយន្ដអែបក្បែចិញ្ចើមផ្លូវ រួចបានចុះមកពិនិត្យរថយន្ដរបស់ខ្លួន ខណៈកំពុងតែពិនិត្យស្រាប់តែមានរថយន្ដកុងតឺន័រមួយគ្រឿងទៀត បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណធ្វើដំណើរស្របទិសគ្នា បើកក្នុងល្បឿនលឿនក៏ឈប់មិនទាន់ជាន់ហ្វ្រាំងមិនជាប់បានជ្រុលទៅបុកគូថរថយន្ដដែលឈប់នៅខាងមុខពេញមួយទំហឹង បណ្ដាលឲ្យអ្នកបើកបរថយន្ដទាំង២នាក់រងរបួសធ្ងន់តែម្ដង ។ ក្នុងហេតុការណ៍នោះផងដែរ រថយន្ដដែលត្រូវបុកគូថពីក្រោយបានស្ទុះទៅមុខជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតកំពុងធ្វើដំណើរ បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល រីឯអ្នករួមដំណើរ(កូនស្រី)រងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង៣នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែករថយន្ដទាំង២គ្រឿងរួមទាំងម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែងយកដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីវិធីច្បាប់ ៕
មតិយោបល់