កណ្ដាល៖ ជនរងគ្រោះ២នាក់រងរបួសធ្ងន់ ខណៈដែលជនរងគ្រោះទាំង២នាក់នេះបានជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ដមួយគ្រឿងបើកច្រាស់ទិសគ្នាពេញមួយទំហឹង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២២និង២៣នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកឫស្សី ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុន សុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់) ជិះម៉ូតូសង់កូរ៉េ ធុនសេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ អ្នករួមដំណើរជាមួយឈ្មោះ ធូ ថេន ភេទប្រុស អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិជ្រេមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាកកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ច6157ភ.ព2 បើកបរដោយឈ្មោះ ខឿន វ៉ាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពោង ឃុំសំបួមាស ស្រុកមុខកំពូលខេត្តកណ្ដាល (ទុករថយន្ដចោលរត់គេចខ្លួនក្រោយពេលកើតហេតុ) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះ២នាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន រីឯម៉ូតូជនរងគ្រោះគ្មានភ្លើងបំភ្លឺផ្លូវនោះទេ មានភ្លើងហ្វាពាក់នៅនិងក្បាលតែប៉ុណ្ណោះ លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកជាមួយរថយន្ដបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះទាំង២នាក់ជាអ្នកជិះម៉ូតូរងរបួសធ្ងន់ ។ ចំណែកឯអ្នកបើកបររថយន្ដបានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់តែម្ដង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុកដើម្បីចាត់ការតាមនីវិធីច្បាប់ ៕ដោយៈគង់ សុងហៃ
មតិយោបល់